គ.ជ.ប បង្ហាញបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ដែលនឹងទៅកាន់អាសនៈទំនេរ នៅរដ្ឋសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនបញ្ជីឈ្មោះលើកទី១ នៃបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ទៅកាន់រដ្ឋសភារួចហើយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីកាន់អាសនៈដែលទំនេរនៅក្នុងរដ្ឋសភា។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលត្រូវទទួលបាន៦អាសនៈ និងគណបក្សខ្មែរឈប់ក្រ ដែលត្រូវទទួលបាន៥អាសនៈពីការបែងចែកនេះ បានប្រកាសមិនទទួលយកចំណែកអាសនៈនេះទេ។ ដោយឡែកគ.ជ.ប កំពុងតែបន្តនីតិវិធីបែកចែកអាសនៈទំនេរ ដែលសល់ពីគណបក្សទាំងពីរនេះ ទៅឱ្យគណបក្សផ្សេងៗ៤ទៀត ដែលទទួលយក។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត៤៤រូប មកពីគណបក្សចំនួន៣ ដែលយល់ព្រមទទួលយកអាសនៈទំនេរក្នុងរដ្ឋសភា ក្នុងនោះមា​ន៖ ១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ ។ ២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ ។ ៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ ។